បន្ទោសព្រហ្មលិខិតចុះ​

ក្នុងហាងកាហ្វេតូចមួយកន្លែង មានចងកន្តឹងតូចជារំយោលនៅមាត់ទ្វារ គ្រប់ពេលដែលមានភ្ញៀវចូលមកក្នុងហាង និងធ្វើអោយមានសំលេង ' Ding Ding ' ថ្ងៃមួយ មានបុរសម្នាក់អាយុប្រហែលជា30ឆ្នាំជាង ចូលមកក្នុងហាងកាហ្វេនោះ នារីម្ចាស់ហាងស្រស់ស្អាតពេលដែលឃើញភ្ញៀវចូលហើយក៏ប្រញ៉ាប់ចេញមកទទួលភ្ញៀវ ហើយនាំភ្ញៀវអោយចូលទៅអង្គុយនៅខាងក្នុង

"កាហ្វេមួយកែវមក", "ចាស សូមចាំបន្តិចណា " នារីម្ចាស់ហាងនិយាយព្រមជាមួយស្នាមញញឹម ហើយក៏ទៅកិនកាហ្វេ ឆុងរៀបចំកែវកាហ្វេ បុរសម្នាក់នោះមើលនារីមិនដាក់ភ្នែក មិនយូរប៉ុន្មាន នារីនោះក៏លើកកាហ្វេមកអោយបុរសនោះ "បាទ អរគុណ"

"លោកទើបអញ្ចើញមកទីនេះជាលើកទីមួយមែនទេ ?? លោកគិតថា ទីនេះយ៉ាងម៉េចដែរ ??" នារីម្ចាស់ហាងសួរ "បាទ មែនហើយ ខ្ញុំគិតថាទីនេះបរិយាកាសល្អណាស់ " បុរសឆ្លើយ ហើយនារីក៏និយាយថា "ខ្ញុំចូលចិត្តបរិយាកាសហាងនេះណាស់ ទោះបីថាមិនសូវមានភ្ញៀវប៉ុន្មាន តែខ្ញុំជាមួយស្វាមីរបស់ខ្ញុំស្តាយហាងនេះ ដូចនេះហើយមិនចង់បិតហាងចោល " ទាំងពីរនាក់ក៏ស្ងាត់ទៅមួយសន្ទុះ បុរសម្នាក់នោះនិយាយថា " ខ្ញុំសុំសួររឿងខ្លះបានទេ ?

អឺ,,, មុននិងសួរអ្នកនាង ខ្ញុំចង់និយាយរឿងមួយអោយអ្នកនាងស្តាប់សិន " "ចាស បានចាស សូមនិយាយមក" នារីម្ចាស់ហាងក៏ចាប់អារម្មណ៍ចង់ស្តាប់

បុរសម្នាក់នោះក៏និយាយរឿងមួយដែលវាបានកន្លងផុតយូរមកហើយ "ពីមុនខ្ញុំមានសង្សារម្នាក់ ហើយយើងទាំងពីរនាក់ក៏សំរេចចិត្តថានិងរួមរស់នៅជាមួយគ្នានៅថ្ងៃអនាគត ហើយទោះបីស្នេហារបស់យើងទាំងពីនាក់មើលទៅវាធម្មតា តែត្រឹមតែមាននាងនិងខ្ញុុុំក៏គ្រប់គ្រាន់ហើយសំរាប់ខ្ញុំ ព្រោះខ្ញុំស្រលាញ់នាងខ្លាំងណាស់ ត្រឹមតែមាននាងនៅក្បែរខ្លួួនខ្ញុំក៏មានសេចក្តីសុខហើយ ប៉ន្តែសេចក្តីសុខទាំងនោះ វាមានរយៈពេលខ្លីពេក ព្រោះក្រោយពីនោះមកក៏មានតែរឿងអាក្រកៗបានកើតឡើង មុននិងដល់ថ្ងៃពិធីភ្ជាប់ពាក្យយើងទាំងពីរនាក់មួយខែ យប់មួយខ្ញុំមានភារកិច្ចត្រូវធ្វើ ទើបមិនអាចជូននាងត្រឡប់មកផ្ទះបាន នៅយប់នោះនាងត្រូវ មនុស្សអាក្រកចាប់រំលោភ,,, "

"ហើយក្រោយពីនោះមកយ៉ាងម៉េចទៀតលោក ? មនោសញ្ចេតនារបស់លោកដែលមានចំពោះនាងបានប្រែប្រួលមែនទេ ?" នារីម្ចាស់ហាងសួរដោយក្តីអាណិត "ទោះបីថាមានរឿងបែបនេះកើតឡើងចំពោះនាង តែក្តីស្រលាញ់ដែលខ្ញុំមានអោយនាងមិនដែលប្រែប្រួលសូម្បីតេបន្តិចសោះឡើយ ខ្ញុំក៏តាំងចិត្តថាត្រូវ រៀបចំពិធីភ្ជាប់ពាក្យដូចដើម តែ,,, នាងមិនបានវែងឆ្ងាយ នាងគិតថាមិនដូចពីមុនទៀតទេ ហើយនៅថ្ងៃភ្ជាប់ពាក្យរបស់យើងពីរនាក់ថ្ងៃនោះ នាងបានព្យាយាមធ្វើអត្តឃាតដោយចងកសំលាប់ខ្លួន តែសំណាងល្អដែលពួកយើងចូលទៅទាន់ពេលជួយសង្រ្គោះជីវិតនាងបាន តែអកុសល្យដោយខួរក្បាលខ្វះអុកស៊ីសែនយូរពេក បានធ្វើអោយនាងបាត់បង់ស្មារតី ដែលមិនអាចដឹងខ្លួនមកវិញកថាបានពេលនោះ 

តែនៅទីបំផុត នាងក៏បានដឹងខ្លួន ហើយនៅពេលដឹងថានាងដឹងខ្លួនខ្ញុំក៏ប្រញ៉ាប់ទៅរកនាង តែឪពុកម្តាយនាងរារាំងមិនអោយខ្ញុុំចូលទៅជួបនាង ហើយពួកគាត់លុតជង្គង់អង្វរខ្ញុំថា 'កូនស្រីរបស់ពួកគាត់មានវិបត្តិដោយសារហេតុការដែលបានកើតឡើងចំពោះនាងខ្លាំងណាស់ ហើយឥឡូវការចងចាំមួយចំនួនត្រូវបានបាត់បង់ ហើយលោកគ្រូពេទ្យប្រាប់ថា "នាងអាចមានជម្រើសដើម្បីបំភ្លេចរឿងដែលកើតឡើងចំពោះនាងពីមុនៗកប់បាត់ទៅនៅក្នុងចិត្តដោយខ្លួនឯង ហេតុដូចនេះកុំធ្វើអោយនាងរំជួលចិត្តនឹកឃើញរឿងពីមុនខ្លាំងពេក", នាងភ្លេចអស់គ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយខ្លួននាង ឪពុកម្តាយរបស់នាង សុំអង្វរអោយខ្ញុំកុំជួបនាងមួយរយៈ ព្រោះពួកគេមិនចង់អោយនាងនឹកឃើញរឿងដែលធ្វើអោយនាងពិបាកចិត្តឡើងមកវិញ ដោយខ្លាចថានាងអាចនិងសម្លាប់ខ្លួនម្តងទៀតបើនាងចងចាំឡើងវិញទាំងអស់ ហើយខ្ញុំក៏សន្យាជាមួយឪពុកម្តាយនាងថា និងមិនជួបនាងទេមុនគ្រប់រយៈពេល10ឆ្នាំ ទោះបីថាជួបគ្នាដោយចៃដន្យ ក៏ធ្វើជាមិនស្គាល់ដែរ មិននិយាយគ្នាដាច់ខាត ក្នុងអំឡុងរយៈពេលនោះវាពិឈឺចាប់ណាស់ ចង់មើលថែនាង តែមិនអាចធ្វើបាន ចង់ទៅជួបមុខនាងតែក៏ជួបមិនបាន ហើយថ្ងៃនេះគឺជាថ្ងៃ ដែលគំរប់10ឆ្នាំនោះហើយ " 

"សូមចូលរួមសំដែងការអបអរផងចាស !! លោកបានរងចាំមករយៈពេល10ឆ្នាំហើយ ហើយនៅទីបំផុតថ្ងៃនេះលោកអាចទៅជួបនាងបានហើយ " នារីម្ចាស់ហាងនិយាយ "

បាទ មែនហើយ ,,, តែ ,,, រិតតែជិតដល់ពេលនេះ ខ្ញុំរិតតែខ្លាច 10ឆ្នាំមកនេះក្តីស្នេហារបស់ខ្ញុំនៅតែមិនដែលផ្លាស់ប្តូរទេ ចុះនាងវិញ ???? ,,,, ទោះបីខ្ញុំនិយាយរឿងពីអតិតកាលអោយនាងស្តាប់ នាងក៏ចាំខ្ញុុំមិនបាន តើខ្ញុំត្រូវធ្វើយ៉ាងម៉េចល្អ ?? ឬក៏នាងបានរៀបការរួចទៅហើយ ហើយតើខ្ញុំត្រូវធ្វើយ៉ាងណា ?? ហេតុដូចនេះ ខ្ញុំចង់សួរអ្នកនាងថា អ្នកនាងគិតយ៉ាងម៉េចដែរ ?? បើសិនជាសង្សាររបស់ខ្ញុំរៀបការបាត់ហើយ ខ្ញុំគួរតែប្រាប់នាងអោយនាងបានដឹងដែរឬទេ ?" នារីម្ចាស់ហាងក៏និយាយដោយច្បាស់ៗថា "ឧបមាថានាងមានសង្សារហើយក៏មិនអីដែរ ព្រោះទាំងសងខាងមិនទាន់រៀបការនិងគ្នា លោកនៅមានឱកាស តែបើសិនជានាងម្នាក់នោះរៀបការមានគ្រួសារទៅហើយ លោកក៏មិនគួរទៅបំផ្លាញសុភមង្គលគ្រួសារគេ " បុរសម្នាក់បានស្តាប់ហើយក៏ឆ្លើយតបដោយក្តីខកបំណង "ហ្នឹងហើយ ,,,, "

 ' Ding Ding ' ចៃដន្យពេលនោះក៏មានភ្ញៀវផ្សេងចូលមកក្នុងហាង នារីម្ចាស់ហាងក៏និយាយជាមួយបុរសនោះថា "ខ្ញុំត្រូវទៅទទួលភ្ញៀវហើយណា សូមអញ្ជើញតាមសប្បាយណា " 

នាងដោយចេញទៅបានពីរជំហាន ក៏បែរមកសួរបុរសនោះថា "អឺ និយាយអញ្ចឹង លោកទើបតែមកទីនេះលើកទីមួយ នៅមិនទាន់ស្គាល់ខ្ញុំច្បាស់ផង ហេតុអ្វី ហ៊ានយករឿងនេះមកប្រាប់ខ្ញុំ ?" បុរសម្នាក់នោះគិតមួយសន្ទុះទើបឆ្លើយតបទៅនារីម្ចាស់ហាងថា "ព្រោះនាងធ្លាប់និយាយថា ក្រោយពីយើងរៀបការ នាងចង់បើកហាងកាហ្វេតូចមួយអញ្ចឹងដែរ" "អ !! ចឹងទេអី,," នារីម្ចាស់ហាងនិយាយហើយក៏បែរដើរទៅស្វាគមន៍ភ្ញៀវថ្មី

បុរសម្នាក់នោះតាមមើលរាងកាយរបស់ម្ចាស់ហាង ស្រាប់តែទឺកភ្នែកគេហូរមក ហើយគេសំរេចចិត្តនិងមិនប្រាប់នាងថា ការពិតនោះគេមកហាងនេះដើម្បីអ្វី ?? សង្សាររបស់គេឆ្ងាយត្រឹមតែមួយជំហាន តែមនោសញ្ចេតនារវាងគេនិងនាងឆ្ងាយដូចមេឃនិងដី កាហ្វេក្នុងកែវនោះមិនដឹងជាត្រជាក់តាំងពីពេលណា

Source: La Lune

Comments